ព័ត៌មានជាតិ

ការកសាងរូបសំណាក់ព្រះលោកេស្វរៈ «រង្វង់មូលដៃ៨» គឺជាការរំលឹកគុណបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីភ្នំដងរែក

ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ក្នុងបរិយាកាសដ៏មហោឡារិក និងពោរពេញដោយសទ្ធាជ្រះថ្លា រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីអភិសេកព្រះលោកេស្វរៈ«រង្វង់មូលដៃ៨» ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និង លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ ។

ឆ្លងកាត់ការស្ថាបនា យ៉ាងផ្ចិតផ្ចង់អស់រយៈពេលជាច្រើនខែ ពេលនេះរូបសំណាក់ព្រះលោកេស្វរៈ «រង្វង់មូលដៃ៨»ក្នុងទីរួមខេត្តឧត្ដរមានជ័យ បានរួចរាល់ជាស្ថាពរ ១០០% ហើយ។

ទោះបីជាខេត្តឧត្តរមានជ័យ បានឆ្លងកាត់ភ្លើងសង្គ្រាមយ៉ាងក្តៅគគុកយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមម្លប់នៃសន្តិភាព ខេត្តជាប់ព្រំដែនមួយនេះ បានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។

ការសាងសង់រូបសំណាក់នេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និងផ្តល់សេចក្តីសុខសាន្តត្រជាក់ត្រ ជុំជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ការរំលឹកគុណបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារទឹកដីភ្នំដងរែកមួយនេះ។

ការអភិសេករូបសំណាក់ «រង្វង់មូលដៃ៨» នាថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅខេត្តឧត្តរមានជ័យ កាន់តែច្រើនឡើង។ សមិទ្ធផលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃទឹកដីភូមិភាគពាយព្យមួយនេះ កំពុងបោះជំហានទៅរកភាពរុងរឿង ប្រកបដោយនិរន្តរភាព៕

To Top