សារប្រយោជន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវក្នុងការជំរុញការតភ្ជាប់រចនាសម្ព័ន្ធពិភពលោក
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលត្រូវបានស្នើឡើងដោយប្រទេសចិនកាលពីឆ្នាំ២០១៣ បានក្លាយជាគម្រោងសហប្រតិបត្តិការអន្តរជាតិដ៏សំខាន់បំផុតមួយនៅក្នុងសតវត្សទី២១។ រយៈពេល១២ឆ្នាំ កន្លងមកនេះ គំនិតផ្តួចផ្តើមនេះ បានជួយបង្កើតបណ្តាញតភ្ជាប់រចនាសម្ព័ន្ធពិភពលោកកាន់តែប្រសើរឡើង ដោយរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ គំនិតផ្តួចផ្តើមនេះបានផ្តល់នូវការតភ្ជាប់ដ៏ចាំបាច់បំផុត តាមរយៈការសាងសង់ផ្លូវ និង ស្ពានរាប់ពាន់គីឡូម៉ែត្រជុំវិញពិភពលោក។ បច្ចុប្បន្ន គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវត្រូវបានអនុវត្តនៅទូទាំងទ្វីបជាច្រើន និងនៅក្នុងជាង១៥០ប្រទេស និងអង្គការអន្តរជាតិជាង៣០ តាមរយៈច្រករបៀងសេដ្ឋកិច្ចផ្លូវគោកនិងផ្លូវសូត្រសមុទ្រសតវត្សទី២១។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានជួយតភ្ជាប់ពិភពលោកដូចជាបណ្តាញអ៊ីនធឺណិត ដែលប្រទេសនានាត្រូវបានតភ្ជាប់ជាមួយគ្នាតាមរយៈរចនាសម្ព័ន្ធរឹង និងទន់ ហើយការប្រាស្រ័យទាក់ទង ការដឹកជញ្ជូន ពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែងាយស្រួល មានប្រសិទ្ធភាព និងទូលំទូលាយ។ ការសាងសង់រចនាសម្ព័ន្ធទាំងនេះមិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងធ្វើឱ្យការចូលទៅកាន់ទីផ្សារកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើនការប្រកួតប្រជែងក្នុងតំបន់ និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ផងដែរ។
សម្រាប់កម្ពុជាវិញ គំនិតផ្តួចផ្តើមខ្សែក្រវាត់ននិងផ្លូវបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៣ម៉្លេះ។ ការតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ រោងចក្រឧស្សាហកម្ម បង្កើតការងារ បង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា។ លើសពីនេះ គំនិតផ្តួចផ្តើមនេះ បានជួយប្រទេសកម្ពុជាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន បង្កើនសមត្ថភាពប្រកួតប្រជែង និងឡើងតម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់ តម្លៃពាណិជ្ជកម្មពិភពលោក ដើម្បីបំពេញនូវ បំណងប្រាថ្នាសេដ្ឋកិច្ចរបស់កម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់ឡើងកំរិតខ្ពស់ត្រឹមឆ្នាំ២០៣០និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
ការវិនិយោគរបស់ចិននៅកម្ពុជាក្រោមគំនិតផ្តួចផ្តើមនេះមិនត្រឹមតែនៅផ្នែករចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលផ្នែកផ្សេងៗផងដែរ ដូចជាការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពស្ថាប័ន និងការជំរុញកសិកម្មទំនើប។ ការវិនិយោគទាំងនេះបានជួយបង្កើតការងារជាច្រើនសម្រាប់កម្មករកម្ពុជា បង្កើនចំណេះដឹង និងជំនាញរបស់ពួកគេ និងធ្វើឱ្យប្រាក់ចំណូលគ្រួសាររបស់ប្រជាជនមានការកើនឡើង។
ការតភ្ជាប់រចនាសម្ព័ន្ធកាន់តែប្រសើរនេះ ក៏បានជួយកម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីប្រទេសផ្សេងៗទៀតផងដែរ។ ប្រទេសជាច្រើនបានមើលឃើញថា កម្ពុជាជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ ដោយសារតែការផ្លាស់ប្តូរវិជ្ជមានក្នុងរចនាសម្ព័ន្ធ និងបរិយាកាសអាជីវកម្ម។
ជាមួយគ្នានេះដែរ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការសាងសង់អាកាសយានដ្ឋានថ្មី ការកែលម្អផ្លូវជាតិ និងការអភិវឌ្ឍគោលដៅទេសចរណ៍បានធ្វើឱ្យកម្ពុជាកាន់តែងាយស្រួលក្នុងការចូលទៅដល់ និងកាន់តែទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង ផ្លូវលឿនភ្នំពេញ-ព្រះសីហនុ។
ក្រៅពីការវិនិយោគលើរចនាសម្ព័ន្ធរូបវន្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវក៏បានផ្តល់ការគាំទ្រយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងការផ្ទេរបច្ចេកវិទ្យាផងដែរ។ កម្ពុជាបានទទួលផលប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដែលជួយកែលម្អជំនាញ និងចំណេះដឹងរបស់បុគ្គលិកស្ថាប័នរដ្ឋ និងឯកជនកម្ពុជា។ ការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យផ្សេងៗ ដូចជា វិស្វកម្ម សំណង់ ការគ្រប់គ្រងគម្រោង និងបច្ចេកវិទ្យាព័ត៌មានវិទ្យាបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្លាំងក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន ឯង។ បុគ្គលិកកម្ពុជាជាច្រើនបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញចិន និងអន្តរជាតិ ដោយទទួលបានចំណេះដឹង និងបទពិសោធន៍ដែលមិនធ្លាប់មាន។
បន្ថែមលើនេះទៀត គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានជួយកម្ពុជាក្នុងការពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង និងប្រទេសនានាទូទាំងពិភពលោក។ ការពង្រីកបណ្តាញដឹកជញ្ជូន ពង្រីកច្រករបៀងពាណិជ្ជកម្ម និងបង្កើតផ្លូវរថភ្លើងតភ្ជាប់បានធ្វើឱ្យកម្ពុជាក្លាយជាចំណុចភ្ជាប់សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការតភ្ជាប់នេះមានសារៈសំខាន់ជាពិសេសក្នុងបរិបទអាស៊ាន ដែលកំពុងផ្តោតលើសមាហរណកម្មសេដ្ឋកិច្ច។ កម្ពុជាអាចប្រើប្រាស់គុណសម្បត្តិនៃទីតាំងភូមិសាស្ត្ររបស់ខ្លួន និងរចនាសម្ព័ន្ធដ៏ល្អប្រសើរ ដើម្បីបម្រើជាច្រកចូលទៅកាន់ទីផ្សារធំៗ ទាំងនៅតំបន់អាស៊ីអាគ្នេយ៍ និងក្នុងតំបន់ទូលំទូលាយជាងនេះ។
