ព័ត៌មានជាតិ

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល នៅស្រុកសន្ទុក ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មកពីសាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក បណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ «គ.វ.អ.» តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

លោក ងួន រាសី អភិបាលរងខេត្ត បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ក្មួយៗដែលជាសិស្សានុសិស្សមកទទួលសេវាព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ នាឱកាសនេះ។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យ TYDA ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រយៈពេល១៣ឆ្នាំមកហើយ ប្រកបដោយក្តីស្រឡាញ់យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខភាពរបស់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ជាក់ស្តែងថ្ងៃនេះ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត លោកបានដឹកនាំគ្រូពេទ្យជិត៣០០នាក់ ចុះមកព្យាបាលជំងឺទូទៅ ជំងឺភ្នែក ជាពិសេសសុខភាពមាត់ធ្មេញ ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលនៅទីនេះ ដោយមិនមានការគិតថ្លៃអ្វីទាំងអស់ ប្រកបដោយក្តីស្រឡាញ់ និងស្នាមញញឹម ក្នុងន័យជំរុញ លើកកម្ពស់សុខភាពសហគមន៍ ជាពិសេសគឺការបង្ខិតសេវាសុខភាពមកកៀកផ្ទះប្រជាពលរដ្ឋតែម្តង។

លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន «គ.វ.អ.» សូមកោតសសើរចំពោះក្រុមគ្រូពេទ្យ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខិតខំចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋអស់រយៈពេលជាងច្រើនឆ្នាំកន្លងមកនេះ មិនថាព្យុះភ្លៀង រងាក្តៅយ៉ាងណាទេ គឺដើម្បីសុខមាលភាពប្រជាពលរដ្ឋ៕

ដោយ៖ សំនៀង

To Top