ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.៥០២នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៥.២៧៧នាក់។

នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។

ក្រសួងមហាផ្ទៃ បន្ដថា «មានពលរដ្ឋភៀសសឹក១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬ ស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៥.២៧៧នាក់ ក្នុង នោះស្ត្រីមាន៦០.៦៥១នាក់ និងកុមារ៣៨.២៣០នាក់»។

ជាមួយគ្នានេះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រសួង បានកំពុងបន្តតាមដាន និងគាំទ្រដល់ការរៀបចំ បើកដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈនានានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចជា សាលាក្រុង ស្រុក ឃុំ- សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព៕

To Top