អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលសួរសុខទុក្ខអាជីវករលក់ដូរនៅផ្សារថ្មីពោធិ៍សាត់
ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងពោធិ៍សាត់ គណៈកម្មការគ្រប់គ្រងផ្សារ និងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ជុំវិញផ្សារថ្មីពោធិ៍សាត់ ដោយលោក អភិបាលខេត្តបានណែនាំនិងជម្រុញ ឲ្យអាជ្ញាធរក្រុង និងបងប្អូនអាជីវករលក់ ត្រូវចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទិញទំនិញផ្សេងៗ ។

លោកអភិបាលខេត្ត សូមឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធ ត្រូវរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឲ្យមានការដាក់លក់ទំនិញលើផ្លូវ តាមបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញ ។ ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសុវត្ថិភាព នៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាត់ល្អនិងមានសោភ័ណ្ឌភាព ។

លោកអភិបាលខេត្ត ក៍បានលើកឡើងផងដែរថា ផ្សារថ្មីពោធិ៍សាត់រហូតមកដល់ពេលនេះពិនិត្យឃើញថាមិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ គឺអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណ បង្កការកកស្ទះនៅតាមដងផ្លូវទាំងនេះទាមទាឱ្យមានការរៀបចំ របៀបរាបរយ ឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាពអនាម័យបរិស្ថាន។

លោកអភិបាលខេត្តបានជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំបងប្អូនអាជីវករឲ្យពួកគាត់ចូលរួមសហការ ធ្វើយ៉ាងណាឱ្យ ផ្សារថ្មីពោធិ៍សាត់មួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ តែទោះជាយ៉ាងនេះក៏ដោយសូមឱ្យអាជ្ញាធរក្រុង គណកម្មការផ្សារត្រូវពិនិត្យតាមដានអោយជាប់ជាប្រចាំដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈនានាដែលកើតមានជាយថាហេតុ ជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
