ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

តាមរយៈសេចក្ដីព្រាងរបាយការណ៍ វឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៦ ដែលអានដោយ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្មដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន តាមរយៈកម្មវិធីអាទិភាពចំនួន ៥ រួមមាន៖ ១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ២. ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងបានដាក់ចេញទិសដៅការងារបន្ដយ៉ាងច្បាស់លាស់ផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរនៅតាម រាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅនៃផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

To Top