អភិបាល ខេត្តពោធិ៍សាត់ ជួបសំណេះសំណាល លើកទឹកចិត្តក្រុមយុវជន ហាត់រាំរបាំខ្មែរ ត្រៀមសម្តែង ក្នុងព្រឹត្តិការណ៍ធំៗ
ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយ អ្នកសិល្បៈជើងចាស់ក្នុងខេត្តពោធិ៍សាត់ និងក្រុមយុវជនសិល្បៈមហាជន មកពីបណ្តាក្រុង-ស្រុកនានាក្នុងខេត្ត រួមនិងក្រុមភ្លេងបុរាណខ្មែរ ប្រមាណ១០០នាក់ ដែលបានចូលរួមហាត់រាំរបាំខ្មែរ ជាច្រើនទម្រង់ ជាពិសេសរបាំប្រចាំ ខេត្តពោធិ៍សាត់ ក្រោមការដឹក នាំសម្របសម្រួល របស់មន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្តពោធិ៍សាត់ នៅបរិវេណសារៈមន្ទីរខេត្ត ដើម្បីត្រៀមសម្បែងក្នុងកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗក្នុងខេត្ត ក៏ដូចជាក្រៅខេត្ត ។

លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នគឺមានក្រុម សិល្បៈមហាជនចំនួន០៦ក្រុម មកពីបណ្តាក្រុង-ស្រុកក្នុខេត្ត បានចូលរួមជួបជុំគ្នាហាត់សម នៅថ្ងៃអាទិត្យមួយថ្ងៃពេញ ជារៀងរាលសប្តាហ៍ ដោយទទួលបានយកចិត្តទុកដាក់ ឧបត្ថម្ភគ្រាំទ្រជាប្រចាំពីសំណាក់ លោក ខូយ រីដា អភិបាលខេត្ត ។

ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូអ្នកគ្រូ ដែលជាសិល្បករជើងចាស់ក្នុងខេត្ត បានខិតខំចែករំលែកផ្ទេរចំណេះដឹងផ្នែកសិល្បៈដល់យុវជនជំនាន់ក្រោយ ដើម្បីចូលរួមបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក្រោមការដឹកនាំសម្របសម្រួលរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ។ លោកអភិបាលខេត្ត បានកោតសរសើរដល់ក្រុមយុវជនសិល្បៈមហាជន ទាំងប្រុសស្រី បានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្ត ចូលរួមហាត់រាំរបាំខ្មែរ ដែលនេះជាសកម្មភាពគំរូសម្រាប់យុវជនទូទៅ ព្រោះវប្បធម៌ប្រពៃណីខ្មែរ គឺមានតំលៃបំផុត សម្រាប់សង្គមជាតិសាសន៍ខ្មែរយើង ប្រកបដោយភាពថ្លៃថ្នូរ ហើយយុវជនដែលចេះ សិល្បៈប្រពៃណីខ្មែរទម្រងណាមួយ គឺជាយុវជនដែលប្រកដោយគុណតំលៃ ទទួលបានទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានឧបត្តម្ភថវិកា៥លានរៀលបន្ថែមទៀត សម្រាប់ទ្រទ្រងដល់ការបណ្តុះបណ្តាលនេះ ហើយលោកនឹងបន្តសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ក្នុងការលើកស្ទួយិវស័យ វប្បធម៌ប្រពៃណីជាតិ ខ្មែរក្នុងខេត្តឲ្យកាន់តែមានភាពរស់រវើក ។

អត្ថបទនេះ÷ រដ្ឋបាលខេតពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល





