លោក សុក ស៊ីផាន់ណា ៖ វត្តមានកម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ជាឱកាសមាស
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គណៈកម្មាធិការ ផ្តល់យោបល់លើគោល នយោបាយ ពាណិជ្ជកម្ម (គ.ផ.គ.ព.)បានថ្លែងថា កម្ពុជាបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ (World Economic Forum) នៅក្នុងទីក្រុងដាវ៉ុស ប្រទេសស្វីស គឺជាឱកាសមាសមួយសម្រាប់កម្ពុជាដែលបានឆ្លៀតឱកាសជួបពិភាក្សា ជាមួយបណ្តារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងក្រុមហ៊ុននានាមកពី ជុំវិញពិភពលោក ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក២០២៦ និងកិច្ចប្រជុំពាក់ព័ន្ធលោក សុក ស៊ីផាន់ណា បានថ្លែងវេទិកានេះ បានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់២២មករា ។

លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃ នៃការចូលរួមវេទិកានេះ គណៈប្រតិភូរបស់កម្ពុជាក្រោមការដឹកនាំ របស់ឯកឧត្តមផ្ទាល់ ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គឺគ្មានពេលសម្រាកឡើយ ដោយមានសកម្មភាពមមាញឹក ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងក្រុមហ៊ុនវិនិយោគនានា ជុំវិញពិភពលោកមក ដែលបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ នៅទីក្រុងដាវ៉ុស ដើម្បីគៀងគរមកបណ្តាក់ទុន រកស៊ីនៅកម្ពុជា។

លោកបញ្ជាក់ថា “ចំពោះខ្ញុំវិញ បូកសរុបទៅជា ឱកាសមួយមាស សម្រាប់ប្រទេសយើងដែលយើង មានសំឡេងនៅក្នុងឆាកអន្តរជាតិ ព្រោះពេលហ្នឹង៣ពាន់នាក់ហ្នឹងគឺមួយៗអត់មានអ្នកណាមើលអ្នកណាទេ គឺជ្រេរៀងខ្លួន” ។
លោក សុក ស៊ីផាន់ណា បានហៅព្រឹត្តិការណ៍នៃការជួបពិភាក្សា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគមកពីជុំវិញពិភពលោក ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏ធំសម្បើមហិមាមួយសម្រាប់កម្ពុជា៕

