សម្តេចតេជោ ជំរុញកម្ពុជា-ឡាវ បន្តពង្រីកទំហំ ពាណិជ្ជកម្មបន្ថែម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យថ្នាក់ដឹកនាំ កម្ពុជា-ឡាវ បន្តពង្រឹងពង្រីក នូវទំហំពាណិជ្ជកម្ម ជាមួយគ្នាបន្ថែមទៀត ដើម្បីសមស្របទៅនឹងទំនាក់ទំនងដ៏ ល្អរវាងប្រទេសទាំងពីរ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា សម្តេចតេជោបានបង្ហាញ ពីការរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឡាវ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នា ។

លោកបញ្ជាក់ថា “សម្តេចតេជោ បានជំរុញបន្តបន្ថែមទៀតឱ្យឡាវ-កម្ពុជា បន្តនូវកិច្ចខិតខំប្រឹងប្រែងពង្រីក នៅក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ជាពិសេសសេដ្ឋកិច្ចតែម្តង ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរនៃទំនាក់ទំនងនយោបាយ” ។

លោកបន្តថា ដូច្នេះមានន័យថា ទាំងនយោបាយ និងសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា ព្រោះនៅពេលដែលសេដ្ឋកិច្ច និងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម មានការ កើនឡើងហើយ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀតទាំងពេលបច្ចុប្បន្ននិងអនាគត ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជានិងឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបានឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ ទំនាក់ទំនងដ៏ ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបង ជាប់គ្នានេះទេ ប៉ុន្តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ ពហុនិយមដល់តំបន់និងសកលលោកថែមទៀតផង៕






