“ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ គឺជាការរំលោភបំពាន ចំពោះច្បាប់អន្តរជាតិ”, ប្រេសិតកម្ពុជា ប្រចាំអសប
បុរីញ៉ូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់ សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក បានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែង សម្រាប់រដ្ឋសមាជិក។ (៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ៕


