ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា ជំរុញឱ្យមានការបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក HOUT Kim Chha អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា រដ្ឋកាលីហ្វ័រញ៉ា ព្រមព្រៀងនឹងជួយជំរុញឱ្យមានការបង្កើត «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា​ នៅសហរដ្ឋអាម៉េរិក ។

យោងតាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក HOUT Kim Chha អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា រដ្ឋកាលីហ្វ័រញ៉ា ព្រមទាំងប្រតិភូវិនិយោគិន ជាក្រុមហ៊ុនធំៗឈានមុខគេ នៅសហរដ្ឋអាម៉េរិក ជាង២០រូប ជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា ពិនិត្យលទ្ធភាពឱកាសវិនិយោគ ព្រមទាំងគំនិតផ្តួចផ្តើមនានា កាលពីថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ ប្រធានសភាពាណិជ្ជកម្ម និងគណៈប្រតិភូទាំងអស់ បានបង្ហាញការចាប់អារម្មណ៍ លើកត្តាសុខសុវត្តិភាព និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ​ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្ម និងប្រតិភូវិនិយោគិនអាម៉េរិក ដែលបានជឿជាក់ដ៏មុតមាំ លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់ របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតប នឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មកម្ពុជា រដ្ឋកាលីហ្វ័រញ៉ាជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

តាមរយៈជំនួបនេះ គូភាគី ព្រមព្រៀងនឹងជួយជំរុញឱ្យមានការបង្កើតជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា​ នៅសហរដ្ឋអាម៉េរិក ព្រមទាំងប្រឹងប្រែងរួមគ្នា ឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋ Los Angeles ដែលមានសហគមន៍ខ្មែរ​ រស់នៅច្រើននាទីនោះ និងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមដ៏ល្អនេះ កម្ពុជានឹងរំពឹងទទួលបានភ្ញៀវទេសចរអាម៉េរិកច្រើនថែមទៀត ជាមួយនឹងកំណើនវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិកផងដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top