ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ចម និម្មល សង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរទ្បើងបន្ថែមទៀត នៃបរិយាការធុរកិច្ច និងវិនិយោគ។

ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ពាណិជ្ជកម្មក្នុងប្រទេស និងការនាំចេញ ដែលត្រូវបានរៀបចំទ្បើងដោយសភាពាណិជ្ជកម្មអន្តរជាតិ នៅសណ្ឋាគារ Hyatt Regency Phnom Penh នាព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោក រដ្ឋមន្ត្រី បានថ្លែងស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះទ្បើង ដែលផ្តល់ឱកាសដល់តំណាងវិស័យឯកជនបានជួបពិភាក្សាលើការវិវត្តថ្មីនៃស្ថានភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា តំបន់និងសកលលោក ជាពិសេសដើម្បីអាចផ្លាស់ប្តូរយោបល់និងលើកជាដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបាន និងកំពុងជួបប្រទះ។

នាឱកាសនោះផងដែរ លោកស្រី រដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរទ្បើងបន្ថែមទៀតនៃបរិយាការធុរកិច្ចនិងវិនិយោគ និងពង្រឹងនិងពង្រីកទីផ្សារនាំចេញ-នាំចូល។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី រដ្ឋមន្រ្តី បានជម្រាបជូនអំពីសមិទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមក ជាពិសេសលើការងារធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈក្រសួង តាមរយៈការដាក់ចេញនូវប្រកាស ស្តីពី ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើ ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ និងការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។

លោកស្រី រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់តំណាងវិស័យឯកជនទាំងអស់ចូលរួមឱ្យបានផុសផុលក្នុងកិច្ចពិភាក្សានេះ ជាពិសេសការចូលរួមផ្តល់ជាគំនិតយោបល់ និងធាតុចូល រួមចំណែកក្នុងការចូលរួមរៀបចំ និងអនវុត្តគោលនយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល សំដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និងជំរុញការនាំចេញ។

To Top