ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៨៧៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៨៧៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១២.១៦៤នាក់ទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៧ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថាបទឈប់បាញ់ រវាងកម្ពុជា និងថៃ អនុវត្តបាន ១ខែហើយ បើគិតមកត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ភាគីទាំងសងខាង ពុំបាន ផ្ទុះអាវុធដាក់គ្នាក៏ពិតមែន ប៉ុន្តែកម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយ ចំនួនរបស់ភាគីថៃ។
ក្រសួង បន្ដថា ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន របស់ភាគីថៃនោះ ក៏នៅតែជាបន្ទុកដែលត្រូវដោះស្រាយយ៉ាងអាទិភាពជាបន្តបន្ទាប់ដែរ។
ក្រសួង គូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក៨៧៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១២.១៦៤នាក់ទៀត ក្នុងនោះស្ត្រីមាន៥៨.៧៣៨នាក់ និងកុមារ៣៦.៦៨៦នាក់»។
