ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៖ រាជរដ្ឋាភិបាល មិនដែលលក់កោះណាមួយនៅដែនសមុទ្រកម្ពុជា ទៅឱ្យក្រុមហ៊ុនឯកជនឡេីយ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជា ទៅឱ្យក្រុមហ៊ុនឯកជនោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ មករា នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់សម្គាល់ឃើញថា មានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាល បានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការបញ្ជាក់ជូនសាធារណជនថា កោះទាំងពីរនេះ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា « កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ»៕
