ព័ត៌មានជាតិ

អភិបាលក្រុង-ស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែង ប្តេជ្ញាលុបបំបាត់ល្បែងអនឡាញ និងបទល្មើសគ្រប់ប្រភេទ

ស្ទឹងត្រែង៖ អភិបាលក្រុង និងអភិបាលស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់ និងលុបបំបាត់រាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការប្តេជ្ញានេះបានធ្វើឡើងក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងស្ថាប័នតុលាការ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

អភិបាលក្រុង-ស្រុក សន្យានឹងចុះត្រួតពិនិត្យជាប្រចាំ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសល្បែងអនឡាញដែលបង្កប់តាមហាងអ៊ីនធឺណិត បង្កើនកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន និងជំរុញឱ្យមានការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋនូវរាល់សកម្មភាពសង្ស័យ។
ធ្វើឱ្យខេត្តស្ទឹងត្រែងក្លាយជាតំបន់ប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ពុំទាន់មានសកម្មភាពល្បែងស៊ីសងអនឡាញកើតឡើងនោះទេ ប៉ុន្តែការរឹតបន្តឹងនេះគឺជាវិធានការបង្ការទុកជាមុនយ៉ាងម៉ឺងម៉ាត់ ក្រោមការដឹកនាំផ្ទាល់របស់លោកអភិបាលខេត្ត៕

To Top