ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋភៀសសឹកមានប្រមាណ ៥សែន ៣ម៉ឺននាក់ ឬជិត ៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៣ម៉ឺននាក់ ឬជិត ៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បទឈប់បាញ់ រវាងកម្ពុជា និងថៃ អនុវត្តបាន១ខែហើយ បើគិតមកត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ភាគីទាំងសងខាង ពុំបាន ផ្ទុះអាវុធដាក់គ្នាក៏ពិតមែន ប៉ុន្តែកម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយ ចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន របស់ភាគីថៃនោះ ក៏នៅតែជាបន្ទុកដែលត្រូវដោះស្រាយយ៉ាងអាទិភាពជាបន្តបន្ទាប់ដែរ។
ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា «ចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋ ភៀសសឹកចំនួន១១២.០២១នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្ត្រីមានចំនួន៥៨.៦៦៩នាក់ និងកុមារចំនួន៣៦.៦៧២នាក់»៕
