ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កម្ពុជា មានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េ កាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា មានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េ កាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ ស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។
ជំនួបនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ «កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ» ដែលជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។ លោក បានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ក.អ.ក. ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេសផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។ កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។
ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន៖ ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថានឹងមានការចូលរួមយ៉ាងសកម្មពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជា។ បន្ថែមពីនោះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី “អាហារពេលព្រឹកការងារ” (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា។

លោក Sungsoo Kim ក្នុងនាមជាប្រធានប្រតិភូ បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោក បានបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន៕
