អភិបាលខេត្ត ២ហើយ ដែលប្រកាសថា ក្នុងដែនដីខ្លួនគ្មានឡើយអនឡាញ scam
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្លាយជាខេត្តទី១ និងទី២ ដែលអភិបាលខេត្តប្រកាសថា ក្នុងដែនដីខ្លួនគ្មានអនឡាញ scam (Online Scam) ឡើយ។
នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាសកល និងជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តកំពង់ស្ពឺ បានលេចធ្លោជាខេត្តដែលមានសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុត។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអះអាងយ៉ាងដាច់ខាតនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ (នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦) ថា «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងខេត្តកំពង់ស្ពឺរបស់យើង គឺមិនមានទេ»។
លោកបានគូសបញ្ជាក់ថា ការធានានេះមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល និងអាវុធហត្ថ ក្នុងការថែរក្សាសន្តិសុខ និងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។
លើសពីនេះ លោកអភិបាលខេត្តក៏បានចេញសារព្រមានដាច់ខាត ចំពោះអាជ្ញាធរមូលដ្ឋាន អធិការ ឬមេប៉ុស្តិ៍ណាដែលឃុបឃិត សម្រួល ឬគប់គិតឱ្យមានសកម្មភាពឆបោកអនឡាញនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន នឹងត្រូវចាត់វិធានការដោយគ្មានការលើកលែង។
សម្រាប់ខេត្តតាកែវ លោក វ៉ី សំណាង អភិបាលខេត្តបានធ្វើការធានាការពារនូវសុខសុវត្ថិភាព ជូនដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ។
ជាពិសេស លោក បានធ្វើការអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានការឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) ឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញអំពីបញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាពជូនក្រុមអ្នកវិនិយោគ និងបានជំរុញឱ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត។
នេះធ្វើឱ្យខេត្តទាំងពីរនេះក្លាយជាខេត្តតែ២គត់ (គិតត្រឹមដើមឆ្នាំ២០២៦) ដែលអភិបាលខេត្តបានប្រកាសជាផ្លូវការថា គ្មានអនឡាញ scam ក្នុងដែនដីខ្លួន។
ការប្រកាសបែបនេះមិនត្រឹមតែបង្ហាញពីសមិទ្ធផលក្នុងការងារសន្តិសុខប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ វិនិយោគិន និងភ្ញៀវទេសចរបរទេសផងដែរ។
ទោះជាយ៉ាងណា ការប្រកាសថា «គ្មានទេ» នេះក៏ត្រូវបន្តតាមដាន និងអនុវត្តជាប់លាប់ ដើម្បីកុំឱ្យមានការកើតឡើងនៅពេលអនាគត។
ខេត្តទាំងពីរនេះអាចចាត់ទុកជាគំរូល្អសម្រាប់ខេត្ត-រាជធានីផ្សេងទៀត ក្នុងការបន្តបង្ក្រាប និងការពារបទល្មើសឆបោកអនឡាញឱ្យបានទាំងស្រុង ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។
ដោយ៖ សយ រិទ្ធី
