ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ អនុម័តផែនការការងារ សហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ២០២៦-២០៣០

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី លើកទី២៥ ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) បានអនុម័តផែនការការងារ សហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ។

ខាងលើនេះ ជាអ្វីដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាសលើ ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ អាស៊ានបូកបី លើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម​ ពីរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិកអាស៊ាន ទាំង១១ , អគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។

សហប្រធាននៃកិច្ចប្រជុំខាងលើនេះ គឺលោកស្រី ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និងលោក MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន។

នាឱកាសនៃកិច្ចប្រជុំនេះ, លោក ហួត ហាក់ បានកត់សម្គាល់អំពីលទ្ធផល ដែលសម្រេចបានកាលពីអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី លើកទី២៤ កាលពីឆ្នាំ២០២៥ តាមរយៈវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការការងារ អាស៊ានបូកបី និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់មជ្ឈមណ្ឌលអាស៊ាន–ចិន, អាស៊ាន–ជប៉ុន, និង អាស៊ាន–កូរ៉េ សម្រាប់ការចូលរួមចំណែក នៅក្នុងលទ្ធផលការងារ ប្រកបដោយផ្លែផ្កានេះ។

ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍កម្ពុជា-ចិន, លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តគាំទ្រ របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងក្នុងការជំរុញលំហូរ នៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធឆ្នាំទេសចរណ៍ កម្ពុជា–ចិន ២០២៥។ ជាមួយគ្នានេះផងដែរ កម្ពុជា បានអនុវត្តគម្រោងសាកល្បង លើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលទ្ធផលវិជ្ជមាន​ ដែលសម្រេចបាន តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី លើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ជំហានសំខាន់មួយ ត្រូវបានសម្រេច ដោយមានការបើកដំណើរការ ជើងហោះហើរត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់ របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន–កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព អាស៊ាន–កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ តាមរយៈការចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ លោក KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-កូរ៉េ ទទួលបានលទ្ធផល គួរជាទីកត់សម្គាល់។ កម្ពុជា សូមស្វាគមន៍កិច្ចសហប្រតិបត្តិការ លើការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពល លើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។

ជារួម លោករដ្ឋមន្ត្រី ក៏បានស្នើសុំប្រទេសដៃគូទាំងបី ក្នុងការបន្តកសាងសមត្ថភាព សម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ព្រមទាំងការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។

ជាមួយគ្នានេះដែរ អង្គប្រជុំបានអនុម័ត ផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ៕​​

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top