ខ្លាត្រីមួយក្បាល ត្រូវបានប្រទះ ឃើញនៅបឹងទន្លេសាប ខេត្តពោធិ៍សាត់ បង្ហាញពីលទ្ធផលវិជ្ជមាននៃការស្តារព្រៃ និងគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា
ពោធិ៍សាត់ ៖ សត្វខ្លាត្រីមួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វ ដ៏កម្រមួយនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត ក្នុងតំបន់ព្រៃលិចទឹក ដែលបានស្តារឡើងវិញ នៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦ សន្លឹក ដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។

គំហើញនេះ ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានដ៏សំខាន់មួយ បញ្ជាក់ពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយអង្គការអភិរក្សអន្តរជាតិ Conservation International (CI)។
លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (Fishing Cat Ecology Enterprise – FCEE) និងជាសមាជិកក្រុមអ្នក ជំនាញបច្ចេកទេស អភិរក្សសត្វខ្លាត្រី បានបញ្ជាក់ថា រូបភាពទាំងនេះ គឺជារូបសត្វខ្លាត្រី ពិតប្រាកដមែន ។ លោកស្រី បានសង្កត់ធ្ងន់ថា «កំណត់ត្រាវត្តមានសត្វខ្លាត្រីនៅអាស៊ីអាគ្នេយ៍ នៅមានការខ្វះខាតខ្លាំង ហើយចំនួនរបស់វានៅក្នុងប្រទេសកម្ពុជា គឺនៅមានតិចតួចប៉ុណ្ណោះ»។
សត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះបញ្ជីក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ។ អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា ចំនួនសត្វខ្លាត្រីនៅទូទាំងពិភពលោក មានតិចជាង ១ ម៉ឺនក្បាល។
សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ មានមាឌធំជាងឆ្មាស្រុកប្រហែល ២ ដង ហើយភាគច្រើនរស់នៅតែឯកឯង។ វាប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំ អាចហែលទឹក និងមុជទឹកចាប់ត្រីបានយ៉ាងជំនាញ។ ចំណីចម្បងរបស់វា រួមមាន ត្រី សត្វកកេរ សត្វស្លាប និងសត្វខ្លួនតូចៗផ្សេងទៀត។
នៅកម្ពុជា កំណត់ត្រាវត្តមានសត្វខ្លាត្រីដែលបានបញ្ជាក់ នៅមិនទាន់មានច្រើននៅឡើយទេ។ ទោះជាយ៉ាងណា សត្វនេះ ត្រូវបានរកឃើញនៅតំបន់មួយចំនួន ដូចជា ដែនជម្រកសត្វព្រៃគូលែន–ព្រហ្មទេព តំបន់ព្រៃកោងកាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលគំហើញលើកដំបូងត្រូវបានកត់ត្រាកាលពីឆ្នាំ២០២២៕
