មន្រ្តីជំនាញ ចុះបាញ់ថ្នាំក្រហម នៅតាមផ្ទះ ក្នុងអគារអតីត សាលាបឋមសិក្សាបដិវត្តន៍
ភ្នំពេញ ៖ ក្រុមការងារសំណង់ចាស់ ទ្រុឌទ្រោមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបាញ់ថ្នាំក្រហម នៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងអគារអតីត សាលាបឋមសិក្សាបដិវត្តន៍ ដែលព្រមទទួលយក ដំណោះស្រាយរបស់ក្រសួង ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការចុះបាញ់ថ្នាំក្រហមតាមផ្ទះ និងតម្លើងផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ ចំពោះសំណង់អគារអតីត សាលាបឋមសិក្សាបដិវត្តន៍នេះ ដឹកនាំដោយលោកស្រី សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សំណង់ចាស់ទ្រុឌទ្រោម ។

សូមបញ្ជាក់ថា សំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតក្នុងភូមិ៩ ផ្លូវ១៤៤ កែង៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ជាសំណង់អគារអតីតស្ថានទូតអាមេរិកផងដែរ ដែលគិតមកដល់បច្ចុប្បន្ន មានអាយុកាលជាង៦៦ឆ្នាំ ត្រូវបានក្រសួងដែនដី ប្រកាសឱ្យពលរដ្ឋរស់នៅ ក្នុងអគារទាំងអស់ ត្រូវប្រញាប់ ទៅរកកន្លែងរស់នៅថ្មីក្នុងរយៈពេល៣០ថ្ងៃ ដោយសារអគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នករស់នៅ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីផុតរយៈកំណត់៣០ថ្ងៃ ចាប់ពីថ្ងៃតម្លើងផ្លាក ប្រសិនបើពលរដ្ឋមិនព្រមអនុវត្តតាមនោះទេ ក្រសួងរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះបន្តទៀតឡើយ ហើយនឹងធ្វើការហ៊ុំព័ទ្ធ ហាមចូលអគារ ដើម្បីធានាសុវត្ថិភាពសាធារណៈ ដែលមានលំនៅឋានក្បែរនោះ ៕
