កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាឥស្លាមប៉ាគីស្ថាន ខណៈភាគីទាំងពីរ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងឱកាសនៃជំនួប, លោក ប្រធានព្រឹទ្ធសភា បានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ដោយក្នុងនោះប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយដែរ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា។

លោក ក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ, លោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប, សម្ដេចធិបតី មានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

សម្តេចធិបតី និងលោក ប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។
សម្តេចធិបតី និងលោកប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន៕
