ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា បង្ហាញទិដ្ឋភាពខូចខាត ផ្ទះ វត្ត និងសំណល់ជាតិផ្ទុះពីសង្គ្រាមថៃឈ្លានពានកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហាញទិដ្ឋភាពនៃការខូចខាតផ្ទះប្រជាពលរដ្ឋ វត្តអារាម និងសំណល់ជាតិផ្ទុះបន្សល់ ក្រោយពីមានការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជាពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការបង្ហាញរូបភាពទាំងនេះ របស់រដ្ឋមន្រ្តី បន្ទាប់ពីក្រុមអ្នកសារព័ត៌មានជាតិមកពី១២ អង្គភាព ក្រោមការសម្របសម្រួលដឹកនាំដោយក្រសួងព័ត៌មាន បានចុះទៅផ្តិតរូបភាព និងយកព័ត៌មានអំពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ជាមួយនឹងការបង្ហាញទិដ្ឋភាពនៃការខូចខាតផ្ទះប្រជាពលរដ្ឋ វត្តអារាម និងសំណល់ជាតិផ្ទុះនេះហើយ ក៏បានបង្ហាញពីសកម្មភាពនៃការដាក់ទូកុងតឺន័រ រាយបន្លាលួសពីសំណាក់ទាហានឈ្លានពានថៃដោយរំលោភ នៅវត្តសុវណ្ណសិក្ខារាមព្រៃចាន់ និងនៅភូមិព្រៃចាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកបន្តថា សកម្មភាពនៃការរំលោភបំពានរបស់ភាគីថៃត្រូវបានសារព័ត៌មានជាតិនិងអន្តរជាតិផ្សព្វផ្សាយដល់សាធារណជន និងពិភពលោកបានដឹង និងបង្ហាញពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងគ្រាកម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ានឹងការឈ្លានពាននេះផងដែរ ៕

To Top