កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើន ទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ
ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ខណ:កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើន ទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ។

ក្នុងជំនួបនេះ ធ្វេីឡេីង ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ច ប្រជុំរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំគណបក្ស កុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខ រដ្ឋាភិបាល នៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង”។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីក ចម្រើន បន្ថែមទៀត លេីវិស័យ សំខាន់ ៗ រួមមាន ជាអាទិ៍ ៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារ ជាតិនិង សន្តិសុខ , ថាមពល, អប់រំ និង បណ្តុះបណ្តាល , ទេសចរណ៍ , វប្បធម៌ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ រវាងប្រទេសទាំងពីរ ។

ប្រមុខ រាជរដ្ឋាភិបាល ទាំងពីរ ក៏បាន ប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខ និង ជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការ ជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីម ដេីម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ប្រមុខ រាជរដ្ឋាភិបាល ទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ ឱ្យស្វែងយល់ពីគ្នា ក៏ដូចជាសិក្សាអំពីប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្លាប់ឆ្លងកាត់៕

