ព័ត៌មានជាតិ

កម្ពុជា-វៀតណាម សម្ដែងការដឹងគុណគ្នា ទៅវិញទៅមក សម្រាប់ការជួយគាំទ្រ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៦០-៨០

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា និងបានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាកម្ពុជា ភាគីទាំងពីរ កម្ពុជា-វៀតណាម បានសម្ដែងការដឹងគុណគ្នា ទៅវិញទៅមក សម្រាប់ការជួយគ្នា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០-១៩៨០។

យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជន វៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជាចេញពី របបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងការគាំទ្ររបស់វៀតណាមចំពោះការកសាង និងការអភិវឌ្ឍកម្ពុជា។

ភាគីវៀតណាម បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់របស់ប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីបុព្វហេតុ នៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាម នៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ និងការគាំទ្ររបស់កម្ពុជាចំពោះការកសាង និងការអភិវឌ្ឍវៀតណាម។

ភាគីទាំងពីរបន្តប្រកាន់ខ្ជាប់ គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ប្រទេសមួយប្រឆាំងនឹង ប្រទេសមួយទៀតឡើយ៕

To Top