យោធាថៃ បន្តដាក់ទូកុងតឺន័រ ព័ត្រយកដីខ្មែរ ដោយមិនខ្វល់ពីច្បាប់ និងក្រសែរភ្នែកអន្តរជាតិ
ព្រំដែន៖ ក្រៅពីច្រកអានសេះ ក្នុងខេត្តព្រះវិហារ តំបន់អូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ ភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមយោធាថៃប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានដឹកទូកុងតឺន័រ មកទម្លាក់បិទផ្លូវជាតិលេខ៥៥ និងព័ត្រយកដីខ្មែរ នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោតិ៍សាត់ បន្ថែមទៀត ។


ការដឹកទូកុងតឺន័រ មកទម្លាក់និងព័ត្រយកដីខ្មែរនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន ហៅកាត់ AOT បានធ្វើដំណើរទៅត្រួតពិនិត្យផ្ទាល់ ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥កន្លងទៅ។
បើយោងតាមរបាយការណ៍របស់ រដ្ឋបាលខេត្តឧត្ដរមានជ័យបានឱ្យដឹងថា យោធាថៃបានឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា នៅច្រកអូរស្មាច់ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចម្ងាយជាង ៤០០ម៉ែត្រ ពីបង្គោលព្រំដែនលេខ ១៥ ដែលទទួលស្គាល់ជាផ្លូវការរវាងប្រទេសទាំងពីរ។
ដោយឡែក នៅក្នុងខេត្តបន្ទាយមានជ័យក្រុមយោធាថៃ បានប្រើប្រាស់គ្រឿងចក្រ ឈូសឆាយលំនៅដ្ឋានជនស៊ីវិល ព្រមទាំងរាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ត្រយកដីពលរដ្ឋខ្មែរ ក្នុងភូមិចំនួន៣ គឺភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន ។

ងាកមកតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់នេះវិញ ក្រុមយោធាថៃ បាននឹងកំពុងបន្តរំលោភបំពានអធិបតេយ្យកម្ពុជា ដោយយកទូកុងតឺន័រ មកទម្លាក់ជាបន្តបន្ទាប់ ទោះបីមានការតវ៉ាក្រៅផ្លូវការ ពីសំណាក់ក្រុមអ្នកវិនិយោគចិន នៅតំបន់នោះក៏ដោយ។
បើតាមអ្នកវិនិយោគចិនម្នាក់ ដែលរស់នៅកម្ពុជាជិត៣០ឆ្នាំ បានសម្ដែងការឈឺចាប់ ចំពោះទង្វើររបស់ក្រុមយោធាថៃ ដែលរំលោភបំពាន មកលើដែនអធិបតេយ្យកម្ពុជាទាំងកម្រោលយ៉ាងនេះ។

ចំពោះករណីខាងលើ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ក៏ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសជាបន្តបន្ទាប់រួចមកហើយផងដែរ ចំពោះទង្វើរបស់ក្រុមយោធាថៃនេះ៕
អត្ថបទដោយ៖ បាន ធារ៉ូ/ រូបភាព/ AKP

