ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ កម្ពុជា-ឡាវ រំលឹកពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះការតភ្ជាប់ ស្ពានឆ្លងកាត់ទន្លេរពៅនិង សេឡាំផាវ

ភ្នំពេញ៖ នៅក្នុងជំនួបកំពូល រវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងព្រះរាជបរមនាមជាប្រមុខរដ្ឋ និងលោក លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរំលឹក ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះការតភ្ជាប់ ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/ សេឡាំផាវ (ឡាវ) ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ថងលុន ស៊ីសុលីត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះការវិវត្តប្រកបដោយផ្លែផ្កា នៃកិច្ចសហ ប្រតិបត្តិការ ពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ និងបានទទួលស្គាល់ពីសក្តានុពលសំខាន់ៗ សម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងបានលើកទឹកចិត្ត ឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាជំរុញទំហំពាណិជ្ជកម្ម ឱ្យឈានដល់គោលដៅ ៧០០លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ២០៣០។

ថ្នាក់ដឹកនាំទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ័រវាងប្រទេសទាំងពីរ រួមទាំងការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/ សេឡាំផាវ (ឡាវ) និងបានអបអរសាទរការចុះហត្ថលេខាកិច្ចព្រមព្រៀង ស្ដីពីការដឹកជញ្ជូនកសិផល ឆ្លងកាត់ប្រទេសឡាវ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មនិងបរិស្ថានឡាវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនានា ពាក់ព័ន្ធនឹងថាមពល ឱ្យបានសកម្ម និងមាន ប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា ការសាងសង់ឱ្យបាននូវស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា)/សេឡាំផៅ(ឡាវ) នឹងក្លាយជាច្រកដ៏សំខាន់មួយទៀត ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ (រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភូរបស់ឡាវ និងអង្គរវត្តរបស់កម្ពុជា) ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ដោយអាចកាត់បន្ថយនូវរយៈចម្ងាយធ្វើដំណើរពីខេត្តចម្ប៉ាសាក់(ឡាវ) មកកាន់ខេត្តព្រះវិហារ(កម្ពុជា) ព្រមទាំងពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយចីរភាព និងបរិយាបន្ន៕

To Top