ព័ត៌មានជាតិ

ពន្ធដាខេត្តមណ្ឌលគិរី ប្រមូលពន្ធឆ្នាំ២០២៥ លើសផែនការកំណត់ ប្រចាំឆ្នាំ

មណ្ឌលគិរី៖ របាយការណ៍បូកសរុបថ្មីៗបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ សាខាពន្ធដារខេត្តមណ្ឌលគិរី អាចប្រមូលចំណូលពន្ធបានសរុបចំនួន ៩.២៥៣.០១២.៧៥៥ រៀល លើសផែនការប្រចាំឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាលទ្ធផលវិជ្ជមានមួយក្នុងការគ្រប់គ្រង និងបំពេញកាតព្វកិច្ចពន្ធដារបង់ចូលថវិការដ្ឋ។

លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី  នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា លទ្ធផលប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ១១៤.០២ ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលបង្ហាញពីការកើនឡើងនៃអនុលោមភាពពន្ធដាររបស់អាជីវករ និងអ្នកជាប់ពន្ធក្នុងខេត្ត។

យោងតាមប្រធានសាខាពន្ធដារខេត្ត ប្រភពចំណូលពន្ធសំខាន់ៗ រួមមាន ពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម (VAT) ពន្ធលើប្រាក់បៀវត្ស និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដែលនៅតែជាចំណូលស្នូលរបស់វិស័យពន្ធដារ។

លោកបន្តថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការប្រមូលពន្ធ សាខាពន្ធដារខេត្តបានអនុវត្តវិធានការជាច្រើន រួមមាន ការជំរុញចុះបញ្ជីសហគ្រាសថ្មី ការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ការផ្តល់ការប្រឹក្សាយោបល់ និងផ្សព្វផ្សាយច្បាប់ពន្ធដារ ព្រមទាំងណែនាំការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា កម្មវិធី GDT Lucky Draw App ដល់អាជីវករ និងអ្នកជាប់ពន្ធ។

ក្រៅពីនេះ មន្ត្រីជំនាញក៏បានចុះធ្វើសវនកម្មតាមដានលើសហគ្រាសនានា ដើម្បីធានាតម្លាភាព និងបង្ការការបាត់បង់ចំណូលរដ្ឋ។ ទោះជាយ៉ាងណា ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដោយមានសហគ្រាសខ្លះនៅមានការយល់ដឹងកម្រិតទាបអំពីការដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលា ព្រមទាំងការលំបាកក្នុងការគ្រប់គ្រងអាជីវកម្មមួយចំនួនដែលធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ប៉ុន្តែមិនទាន់បានចុះបញ្ជីត្រឹមត្រូវ។

សម្រាប់ឆ្នាំ២០២៦ ខាងមុខ លោក អ៊ឹង តិចណិញ បានបញ្ជាក់ថា សាខាពន្ធដារខេត្តនឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងការប្រមូលបំណុលពន្ធនៅសេសសល់ ចាត់វិធានការលើសហគ្រាសដែលគេចវេសកាតព្វកិច្ចពន្ធ និងបន្តចុះអប់រំផ្សព្វផ្សាយអំពីការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់សហគ្រាសតូច និងមធ្យម។

លោកសង្ឃឹមថា វិធានការទាំងនេះ នឹងអាចជួយឲ្យសាខាពន្ធដារខេត្តមណ្ឌលគិរី សម្រេចបាននូវផែនការចំណូលដែលថ្នាក់លើប្រគល់ជូន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិទាំងមូល៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top