កម្ពុជា ជំទាស់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាព របស់កងកម្លាំង ប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំង ជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា ដែលថៃបានកាន់កាប់ ។
នៅក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការ ចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ និងពោធិ៍សាត់ ។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរ កន្លែងក្នុងខេត្តឧត្តរមានជ័យ គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់។ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញ ពីកន្លែងបិទផ្លូវដោយកុងតឺន័រ នៅក្នុងភូមិអូរខ្លាឃ្មុំ។ នៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៦។

ទីតាំងទាំងនេះស្ថិតនៅ ក្នុងទឹកដីប្រទេសកម្ពុជា ទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញ បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែល កាន់កាប់ដោយកងកម្លាំងថៃក្នុងអំឡុង ពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការ កាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើ ឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សកម្មភាពទាំងនេះ បានរារាំងបន្ថែមទៀត ដល់ការវិលត្រឡប់ដោយ សុវត្ថិភាពនិងថ្លៃថ្នូរ របស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយ វាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើ ទីតាំងជាក់ស្តែង នៅក្នុងតំបន់ ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការ រំលោភលើគោលការណ៏ ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងអស់តាមរយៈមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀត៕
