លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) ក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យ ព្រះឧត្ដមសានមុន្នី
កំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់យ៉ាងមុឺងម៉ាត់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចង្អុលបង្ហាញតម្រង់ទិសពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំនាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្មាំ២០២៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងមានការចូលរួមសហការពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យព្រះឧត្ដមសានមុន្នី (ជង្រុក) ស្ថិតក្នុងភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដោយក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមសហការក្រុមការងារមន្ត្រីរដ្ឋបាលស្រុកគងពិសី គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូចំនួន៤៣នាក់ ព្រមទាំងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំផ្សព្វផ្សាយ ចំនួន៧០៥នាក់(សិស្សស្រីចំនួន៣៥៨នាក់)ផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងក្រុមការងារអាវុធហត្ថ ក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីនៃរដ្ឋបាលស្រុកគងពិសី គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យុវជនទាំងអស់ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងរៀនសូត្រដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងក្រុមការងារជំនាញកងរាជអាវុធហត្ថក៏បានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)។







