ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនបរទេសសរុប ៦២៥នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់នៅធ្វើការងារ ខុសច្បាប់នៅកម្ពុជា ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៦២៥នាក់ (ស្រី ៦នាក់) មាន ៦សញ្ជាតិ រួមមាន៖ ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី ចេញពីព្រះរាជាណាចក្រកម្ពុជា។

ប្រភព ដដែល បន្ដថា ក្នុងនោះ មានជនជាតិចិនចំនួន ១១០នាក់ ពាកព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិ មីយ៉ាន់ម៉ា ចំនួន ៥៤៨ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង នោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជា ការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

