ព័ត៌មានជាតិ

ឧក្រិដ្ឋជន ជាជនជាតិអាមេរិកម្នាក់ ត្រូវបាននិរទេស ចេញពីប្រទេសកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា ឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើស ឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានភ្នាក់ងារពិសេស មកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស (OCI) ដោយមានការចូលរួមពីអាជ្ញាធរកម្ពុជា ចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រង របស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies ។

តាមរយៈសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា «ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នៃប្រទេសកម្ពុជា បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន​នៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើស ឧក្រិដ្ឋមួយចំនួនដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន ។ ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូន ទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។ យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជា របស់យើង ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ ។ យើងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់។»៕

To Top