ព័ត៌មានជាតិ

អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ បានចូលរួម និងទទួលបានការងារ ក្នុងវេទិកាការងារ នៅខេត្តប៉ៃលិននិងបាតដំបង

ភ្នំពេញ ៖ អតីតពលករមកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារសរុបជិត ៤ពាន់នាក់បានចូលរួម និងទទួលបានឱកាសការងារ ពីវេទិកាការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឡើងនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ នេះថា វេទិកាការងារនេះបានរៀបចំឡើងនៅទីតាំង ៤កន្លែង រួមមានស្រុកសាលាក្រៅ និងក្រុងទេពនិមិត្ត ខេត្តប៉ៃលិន និង ស្រុកសំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារ ដែលមាននៅក្នុងស្រុកយ៉ាងសម្បូរ បែបជូនដល់អតីតពលករដែលវិល ត្រឡប់មកពីប្រទេសថៃវិញ ។

លោកបញ្ជាក់ថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ៣,៧១៣នាក់ បានអញ្ជើញចូល រួមស្វែងរកការងារ ធ្វើក៏ដូចជាស្វែង យល់បន្ថែមអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀន វគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

ក្នុងឱកាសនោះ មានអតីតពលករ មកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣៩៦នាក់ (តួលេខបឋម) ដែលទទួលបានការងារ ពីក្រុមហ៊ុន រោងចក្រសហគ្រាសធំៗ ចំនួន ៧ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម ដល់មូលដ្ឋានផ្ទាល់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ស៊ុន មេសា។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវ ដល់បងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរដែលខកខាន មិនបានចូលរួមក្នុងវេទិកានេះ សូមទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ។

សូមរំឮកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៨៧លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕

To Top