ក្រសួងរ៉ែ អនុញ្ញាតផ្ដល់កូតា ៣០មេហ្កាវ៉ាត់ សម្រាប់អ្នកប្រើប្រាស់អគ្គិសនី និងប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានអនុញ្ញាតផ្ដល់កូតា ៣០មេហ្កាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជាសម្រាប់ផ្ដល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦។
យោងតាមសេចក្ដីប្រកាស ស្ដីពី ការកំណត់ទំហំកូតានៃថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា សម្រាប់ឆ្នាំ ២០២៦ បានឱ្យដឹងថា «ការអនុញ្ញាតផ្តល់កូតានៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលសម្រាប់ការអនុវត្តឆ្នាំ២០២៦ ដែលមានទំហំ សរុបស្មើនឹង ៣០ មេហ្គាវ៉ាត់ ជូនអាជ្ញាធរអគ្គិសនីកម្ពុជា សម្រាប់ផ្តល់ឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលក្នុងឆ្នាំ២០២៦ ស្របតាមប្រកាស ស្តីពីការដាក់ឱ្យប្រើប្រាស់បច្ចុប្បន្នភាពគោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា»។
ក្រសួង បន្ដថា អ្នកប្រើប្រាស់អគ្គិសនីដែលអាចទទួលបានកូតាអនុញ្ញាតឱ្យដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូលនៅព្រះរាជាណាចក្រកម្ពុជាបាន លុះត្រាតែអ្នកប្រើប្រាស់អគ្គិសនីទាំងនោះបានបំពេញបែបបទស្នើសុំ និងទទួលបានការអនុញ្ញាតស្របតាមបទប្បញ្ញត្តិ នីតិវិធី និងគោលការណ៍ដែលកំណត់ដោយ អាជ្ញាធរអគ្គិសនីកម្ពុជា៕
