ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៨៦.២៧១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានជាង ៥សែន៦ម៉ឺននាក់ ឬជិត ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋចំនួន៨៦.២៧១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។

ក្រសួង បន្ដថា ក៏ប៉ុន្តែ កម្ពុជាបានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ ភាគីថៃ ។ ក្រសួងមហាផ្ទៃ បានកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយកិច្ចការអាទិភាពដើម្បី ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងស្តារឡើងវិញរាល់ការខូចខាត និងផលប៉ះពាល់លើតំបន់ស៊ីវិល បង្កឡើងដោយអំពើ ឈ្លានពានរបស់យោធាថៃ។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន ៦ម៉ឺននាក់ ឬជិត៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ដូច្នេះ នៅមានពលរដ្ឋចំនួន៨៦.២៧១នាក់ទៀត (ស្ត្រី៤៥.៣០៥នាក់ និងកុមារ២៨.០១២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕

To Top