សម្តេចធិបតី៖ អនាគតរបស់ប្រទេស គឺភ្ជាប់ជាមួយអនាគត របស់យុវជន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អនាគតរបស់ប្រទេស គឺភ្ជាប់ជាមួយអនាគត របស់យុវជន និងប្រជាជន ពោលការកសាងនូវអនាគត របស់សិស្សានុសិស្ស គឺជាការចូលរួមយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ការថ្លែងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ប្រមាណជាង៣ពាន់អ្នក មកពីទូទាំងប្រទេស នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅជ្រោយចង្វារ។
ក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យស្របតាមតម្រូវការ នៃការវិវត្តន៍ប្រទេស បានចាប់ផ្តើមអនុវត្តតាំងពីដើមអាណត្តិ ដោយធ្វើការរៀបចំជាគន្លងនៃការរៀនសូត្រ ក៏ដូចជាតម្រង់ទិស សម្រាប់អាជីពទៅថ្ងៃអនាគត រវាងក្រសួងអប់រំ និងក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ។
ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញថា ទស្សនវិស័យរបស់រាជរដ្ឋាភិបាល ចង់ធ្វើយ៉ាងណាផ្តល់ឱកាសតម្រង់ទិស ដល់សិស្សានុសិស្ស យ៉ាងហោចណាស់ពីថ្នាក់ទី១០ឡើងទៅតែម្តង ។ ក្នុងន័យនេះ កិច្ចការងារដែលកំពុងអនុវត្តនេះ ធ្វើយ៉ាងណាធានានូវប្រសិទ្ធភាព នៃការបង្កើនចំណេះដឹង ឱ្យស្របទៅតាមតម្រូវការការងារ ក៏ដូចជាអាជីព និងចំណង់ចំណូលចិត្តផ្ទាល់របស់សិស្សានុសិស្ស ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “នេះគឺជាការគិតគូរនៅក្នុងការអនុវត្ត ដើម្បីធានាយ៉ាងណា ព្រោះអនាគតរបស់ប្រទេស គឺភ្ជាប់ជាមួយអនាគតរបស់យុវជន របស់ប្រជាជនយើង ដែលយុវជនយើងមានចំណេះដឹង មានសុខភាពល្អ ហើយការងារអ្វីដែលគាត់រៀន ភ្ជាប់ជាមួយនឹងតម្រូវការរបស់សង្គម ក៏អាចកសាងនូវអនាគតរបស់គាត់ នេះគឺជាការចូលរួមសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង”៕ ដោយ៖ ដារាត់| ដើមអម្ពិល
