សម្តេចធិបតី៖ គ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាល មានទិសដៅតែមួយគត់ គឺការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាល់សកម្មភាព របស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងជំរុញឥតឈប់ឈរ ទាំងការទូត និងច្បាប់ គឺមានទិសដៅតែមួយគត់ គឺការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ប្រមាណជាង៣ពាន់នាក់ មកពីទូទាំងប្រទេស នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅជ្រោយចង្វារ សម្តេចធិតី បានថ្លែងថា ដោយសារតែមានសកម្មភាពរស់រវើកជាប្រចាំ របស់រាជរដ្ឋាភិបាល ទើបអាចឱ្យជនភៀសសឹក ជាង៥០ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា បងប្អូនអាចត្រឡប់ទៅស្ថានភាពដើម ពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ ដែលអាចត្រឡប់ទៅរកជីវភាពរស់នៅឡើងវិញបាន មិនមែនកើតឡើងដោយចៃដន្យនោះទេ បើទោះបីសកម្មភាពទាំងអស់នោះ មិនបានចេញមកធ្វើការអត្ថាធិប្បាយ ឬសន្និសីទការសែតប្រាប់ពីកិច្ចការធ្វើអ្វីខ្លះក៏ដោយ តែគ្រប់ពេលវេលាទាំងអស់ គឺរាជរដ្ឋាភិបាលបានធ្វើ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការតវ៉ាប្រឆាំង ការបដិសេធ នូវការកាន់កាប់ខុសច្បាប់ផ្សេងៗ គឺយើងបានធ្វើ ពិតណាស់សកម្មភាពការទូត សកម្មភាពច្បាប់ សកម្មភាពខ្លះ វាអត់ក្តូងក្តាំង ដូចកាលវៃគ្នានោះទេ ការប្រយុទ្ធគ្នាឆាប់ដឹង ដាក់មួយក្តាំងទៅដឹងចាញ់ឈ្នះ ដឹងរបួសស្លាប់ ប៉ុន្តែសកម្មភាពជាច្រើន គឺត្រូវបានធ្វើ ប៉ុន្តែទិសដៅតែមួយគត់ គឺការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនដែលយើងត្រូវធ្វើ” ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺទឹកដី និងប្រជាជន នៅតែជាអទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត៕ ដោយ៖ ដារាត់| ដើមអម្ពិល
