ព័ត៌មានជាតិ

បញ្ហាពំ្រដែន កម្ពុជា-ថៃ ! សម្ដេចធិបតី ៖ កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្ដរជាតិ

ភ្នំពេញ ៖ ជុំវិញបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។

ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រ រាយបន្លាលួស ក្នុងទឹកដីកម្ពុជា ដែលជាអំពើរំលោភបំពាន យ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហរពាក់ព័ន្ធនឹងព្រំដែន គឺព្រំដែន កម្ពុជា-ថៃ ជាព្រំដែនអន្ដរជាតិរវាង រដ្ឋ និងរដ្ឋ នឹងត្រូវបានការពារដោយច្បាប់អន្ដរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរ ការការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ហើយកម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទត់ព្រំដែន ឬការកាន់កាប់ទឹកដី ដោយខុសច្បាប់អន្ដរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជា ប្រកាន់ភ្ជាប់នូវជំហរ ដោះស្រាយជម្លោះពំ្រដែន កម្ពុជា-ថៃ ដោយសន្ដិវិធី ដោយផ្អែកលើច្បាប់អន្ដរជាតិ ព្រមទាំងកិច្ចព្រៀមព្រៀងទាំងឡាយ ដែលកម្ពុជា និងថៃ ចុះហត្ថលេខាជាមួយគ្នាហើយ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា រាល់វិធីសាស្ត្រទាំងឡាយ ដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើសយកវិធីសាស្ត្រនោះ៕

To Top