លោក កែវ រ៉េមី មានជំនឿលើសមត្ថភាព និងតួនាទីដ៏សំខាន់ របស់ជប៉ុនជំរុញថៃ ដោះស្រាយព្រំដែនតាមយន្តការច្បាប់
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញជំនឿ ជាក់លើសមត្ថភាព និង តួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហា ជម្លោះព្រំដែនកម្ពុជា-ថៃស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

ការលើកឡើងរបស់លោក កែវ រ៉េមី នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ។
ជាមួយនឹងការមាន ជំនឿចិត្តយ៉ាងមុតមាំ លើតួនាទីរបស់ជប៉ុននេះហើយ លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីសកម្មភាព នាពេលបច្ចុប្បន្ន របស់យោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។
ជាកិច្ចាឆ្លើយតបលោក Ueno Atsushi នឹងជម្រាបជូនទៅរដ្ឋាភិបាល នៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ ទៅដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ ដើម្បីរួមចំណែកចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។

សូមបញ្ជាក់ថា កាលពីអំឡុងពេលភាគីថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា យោធាថៃ បានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន ៖ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16 , Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅ មកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ និងការសាងសង់សំណង់ថ្មីៗក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា ៕
