ជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញ ចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams)។

យោងតាមកេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ៣១៩នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញ ចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសអន្តរជាតិតេជោ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិ បរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង បោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជា ការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕



