ក្រសួងបរិស្ថាន ដាក់ចេញវិធានការ បន្ទាន់ចំនួន៤ ដើម្បីការពារសុខភាពពលរដ្ឋ និងបរិស្ថាន
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបន្ទាន់ចំនួន៤ ដើម្បីការពារសុខភាពពលរដ្ឋ និងបរិស្ថាន រួមទាំងអ្នកវិនិយោគមានភាពស្អាត នៅប្រទេសកម្ពុជា ។

ក្នុងកិច្ចប្រជុំប្រចាំខែ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងនាមជាអភិបាល មើលថែរក្សាការពារបរិស្ថាន និងតុល្យភាព នៃទ្រព្យសម្បត្តិធម្មជាតិ រួមទាំងខ្យល់ ទឹក និងដី ក្រសួងបរិស្ថាន មានភារកិច្ចចម្បងគឺ ការពារ និងទប់ស្កាត់ប្រភពបំពុលផ្សេងៗ ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថានល្អ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺដង្កាត់ ឬជំងឺឆ្លងនានា ។

វិធានការបន្ទាប់ចំនួន ៤ចំណុច ដែលរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ដើម្បីការពារអាយុជីវិត និងសុខមាលភាព ប្រជាពលរដ្ឋ និងបរិស្ថានរួមមាន ទី១ ត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ បច្ចេកទេសគ្រប់ជ្រុងជ្រោយ និងមានល្បឿនលឿន មុនការសម្រេច ឬអនុញ្ញាតឱ្យមានការវិនិយោគណាមួយ និងត្រូវធានាឱ្យបាននូវប្រភពបំពុលនានាទៅដល់មនុស្ស សត្វ និង បរិស្ថានជាតិ។ ទី២ ការអនុវត្តនូវសិទ្ធសម្រេចត្រូវធ្វើឡើងតាមឋានានុក្រម និងគោរពតាមច្បាប់ ដែលមានចែងជាធរមាន ដោយមិនមានការរត់ការ អន្តរាគមន៍ក្រៅផ្លូវច្បាប់ ឬកែសម្រួលឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេស ដែលផ្ទុយពីច្បាប់បានចែងឡើយ។ ទី៣ ត្រៀមខ្លួនជានិច្ចមុនការចូលរួមកិច្ចប្រជុំពិភាក្សា ការផ្តល់យោបល់ និងធាតុចូលត្រូវតែការពារដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបរិស្ថានជាចម្បង រួមទាំងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅស្រុក។ ទី៤ រាល់កិច្ចប្រជុំដែលបានចួលរួមចាំបាច់ត្រូវមានកំណត់ហេតុ ឬរបាយការណ៍ផ្លូវការ ទុកជាអំណះអំណាងក្នុងការផ្តល់យោបល់ ធាតុចូល និងសម្រាប់តាមដាន ត្រួតពិនិត្យការវិវឌ្ឍការងារបន្ត។

ការអនុវត្តបាននូវវិធានការទាំង៤នេះ នឹងជួយគាំទ្រទៅដល់អ្នកវិនិយោគ ដែលមានភាពស្អាតក្នុងវិស័យបរិស្ថាន និងធានាបាននូវការការពារតុល្យភាពបរិស្ថាន ការពារផលប្រយោជន៍ជាតិរួមមានខ្យល់ ទឹក និងដីឱ្យមានភាពស្អាត ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការបំពុល ទៅលើសុខភាពប្រជាពលរដ្ឋ ។ ទាំងនេះ គឺជាវត្ថុបំណងរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើគន្លឹះអាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕


