ក្រសួងមហាផ្ទៃ៖ មានពលរដ្ឋភៀសសឹក ២.៧៣៣នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ២.៧៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីរម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោ ង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ក៏ប៉ុន្តែ កម្ពុជាបានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ ភាគីថៃ។
លើសពីនេះ ក្រសួងមហាផ្ទៃ បានកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយកិច្ចការអាទិភាពដើម្បី ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងស្តារឡើងវិញរាល់ការខូចខាត លើតំបន់ស៊ីវិល។
ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក២.៧៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨៣.៥៤៦នាក់ទៀត (ស្ត្រី៤៣.៩៦៩នាក់ និងកុមារ ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
