ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលគោលរបបសម្ភារៈ និងឯកសណ្ឋានប្រចាំឆ្នាំ២០២៥
ខេត្តពោធិ៍សាត់៖ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់ និងទទួលគោលរបបសម្ភារៈបច្ចេកទេស ឯកសណ្ឋាន និងគ្រឿងសញ្ញាសក្តិ ប្រចាំឆ្នាំ២០២៥ ដើម្បីបម្រើឱ្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលទូទាំងខេត្ត។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ង៉ាន រុំ អនុប្រធាននាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

គោលរបបដែលបានផ្ដល់ជូនកងកម្លាំងនគរបាលខេត្តពោធិ៍សាត់សម្រាប់ឆ្នាំ២០២៥ រួមមាន៖
ឯកសណ្ឋាន គ្រឿងសញ្ញាសក្តិ មួក និងសម្ភារៈប្រើប្រាស់ របស់មន្ត្រីនគរបាល សម្ភារៈការិយាល័យ និងសង្ហារឹម ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែរលូន និងមានសោភ័ណភាព សម្ភារៈបច្ចេកទេស ដែលជាឧបករណ៍បម្រើឱ្យប្រតិបត្តិការជំនាញ និងការងារសន្តិសុខក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ង៉ាន រុំ បានបញ្ជាក់ថា ការផ្ដល់ជូនគោលរបបនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់ជីវភាព និងសមត្ថភាពការងាររបស់មន្ត្រីនគរបាល។ លោកបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវ
ថែរក្សា និងប្រើប្រាស់ សម្ភារៈដែលទទួលបានឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងឱ្យមានតម្លាភាព។ ពង្រឹងស្មារតី ក្នុងការបម្រើសេវាសាធារណៈ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ លើកកម្ពស់វិន័យ កងកម្លាំងតាមរយៈការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងប្ដេជ្ញាចិត្តថានឹងយកសម្ភារៈទាំងនេះទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត៕
ប្រភព÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
