ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ដៃម្ខាងរាជរដ្ឋាភិបាលដោះស្រាយជូនពលរដ្ឋ និងម្ខាងទៀតកំពុងតវ៉ាខាងការទូត

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហា ជូនពលរដ្ឋដែលរង ផលប៉ះពាល់ ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀតរាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំយ៉ាងខ្លាំង និងយ៉ាងសកម្មលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមយន្តការនានា ។

យន្តការទាំងនោះរួមមាន ៖ តាមរយៈ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង ច្បាប់អន្តរជាតិ ដោយគោរពយ៉ាងខ្ជាប់ខ្ជួន នូវស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាម លោក ប៉ែន បូណា ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នាថ្ងៃ១០ កុម្ភៈ ។

លោកបន្តថា កម្ពុជាក៏បានតវ៉ាជាបន្តបន្ទាប់ ប្រឆាំងរាល់សកម្មភាព រំលោភបំពាននានា នៅក្នុងតំបន់ ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ ដោយប្រើកម្លាំងយោធា។ ជាក់ស្តែង អំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និង លិខិតបកស្រាយឬបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០ លើក និងការឆ្លើយតបក៏ ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព របស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួនជិត ២០០ លើក៕

To Top