ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យមានការ វិនិយោគបន្ថែម ពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្ត ឱ្យមានការវិនិយោគបន្ថែម ពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ ។

នាឱកាសអនុញ្ញាត ជូនគណៈប្រតិភូដឹកនាំដោយ លោក Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្ម ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១០ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាព ដ៏សមស្រប នៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្ត ឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែង រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Waleed Nasser Alsheri បានកត់សម្គាល់ពីភាពរីកចម្រើនខ្លាំង នៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគរវាងប្រទេសទាំងពីរ។

លោក ក៏បានលើកឡើងពីបំណងរៀបចំដំណើរ ទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកកម្ពុជា ដោយបានបញ្ជាក់ថា កម្ពុជា គឺជាច្រកសំខាន់សម្រាប់ សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030៕

To Top