ព័ត៌មានជាតិ

ខែមករា កម្ពុជា អនុម័តគម្រោង វិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគ សរុប ៧៥២លានដុល្លារ

ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា «ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុប ចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ២៦ពាន់កន្លែង»។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

ក្នុងខែមករា ឆ្នាំ២០២៦នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើង ប្រមាណ ៣.៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ០.៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេស ចំនួន៣តំបន់ ក្នុងទំហំទុន វិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគ អភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក៕

To Top