ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ នាំកម្លាំងជំនាញចុះពិនិត្យ ការពង្រាបដី ដែលជាជំនួយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពីប្រសិទ្ធភាពដីស្រែរាបស្មើល្អក្នុងផលិតកម្មដំណាំស្រូវ

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គន់ រ័ត្នមុនី្ន អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលស្រុកក្រូចឆ្មារ មេឃុំឈូក សហគមន៍កសិកម្មកសិកររុងរឿង ចុះពិនិត្យសកម្មភាពកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជួបចុះសំណេះសំណាលជាមួយកសិករទទួលផលចំនួន ៧២គ្រួសារ ក្នុងភូមិបារាណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយការណ៍ឲ្យដឹងថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរ អនុវត្តដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពីហិរញ្ញប្ប ទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរក្នុងខេត្តត្បូងឃ្មុំ មានពីដំណាក់កាល ដែលដំណាក់កាលទី១ នៅឆ្នាំ២០២៤ ២០២៥ បានកៀរពង្រាបដីស្រែនៅប្រព័ន្ធធារាសាស្ត្រត្រពាំងត្រស់ នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ លើផ្ទៃដី ៥៨,៣០ហ.ត  ដែលមានកសិករទទួលផល ១៦៦គ្រួសារ ក្នុងនោះកសិករមេគ្រួសារជាស្រ្តី ៨៧នាក់ ។

និង៣ទីតាំងទៀត ដែលបានអនុវត្តក្នុងឆ្នាំ២០២៦នេះ គ្រោងកៀរពង្រាបលើផ្ទៃដីសរុប ៣៦០.៤៦ ហិកតា ដែលមានកសិករទទួលផល ៥៨៣គ្រួសារ ក្នុងនោះកសិករមានមេគ្រួសារជាស្ត្រី ១៨៦នាក់។

សូមជម្រាបជូនថា ជំហានក្នុងការដាំដុះដំណាំស្រូវឲ្យទទួលបានជោគជ័យ ទទួលបានប្រាក់ចំណេញច្រើន ទប់ស្កាត់ហានិភ័យពីកត្តាចង្រៃ ការរៀបចំដីឲ្យបានរាបស្មើល្អត្រឹមត្រូវតាមបច្ចេកទេស ជាការចាំបាច់បំផុត។ ហេតុនេះហើយ ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនាបច្ចុប្បន្ន ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរកំពុងពេញនិយមហើយសមស្របសម្រាប់កសិករដាំដុះដំណាំស្រូវ។

ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ មិនត្រឹមតែបង្កើនប្រសិទ្ធភាព គុណភាពផលិតកម្មនោះទេ វាថែមទាំងមានទំនាក់ទំនងដល់គុណតម្លៃក្នុងខ្សែច្រវាក់តម្លៃស្រូវ អង្ករផងដែរ។ ការកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ៊្សែរ បានបញ្ជូលបច្ចេកវិទ្យាថ្មីក្នុងការរៀបចំដីកសិកម្មឲ្យរាបស្មើល្អ ដែលវានឹងរួមចំណែកកាត់បន្ថយការប្រើប្រាស់ទឹក ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងមានភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ប្រសិទ្ធភាពនៃការកៀរពង្រាបដីស្រែឲ្យបានរាបស្មើ នឹងធ្វើឲ្យប្រសើរឡើងនូវទិន្នផលស្រូវ កាត់បន្ថយពេលវេលាគ្រប់គ្រងកត្តាចង្រៃ ស្រូវចេញផ្កា ផ្លែ ទុំស្រុះគ្នា ទំហំគ្រាប់ប៉ុនគ្នា ព្រមទាំងបង្កើនទាំងគុណភាពគ្រាប់ ព្រមទាំងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម មុននិងក្រាយប្រមូលផល៕

ដោយ៖ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top