ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សហការជាមួយមូលនិធិថែទាំភ្នែក Eye care foundation ជួសជុលអាគារចក្ខុសាស្ត្រ នៃមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី នីចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ លោក វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងម្ចាស់ជំនួយ នៃមូលនិធិថែទាំភ្នែក Eye care foundation បានអញ្ជើញជាអធិបតីប្រារព្ធពិធីក្រុងពាលី បច្ចុះបឋមសិលា ជួសជុលអាគារចក្ខុសាស្ត្រ នៃមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ដែលពិធីនេះធ្វើឡើងនៅក្នុងមន្ទីរពទ្យបង្អែកព្រះនតោត្តមសីហនុត្បូងឃ្មុំ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

គោលបំណងសំខាន់គឺដើម្បីជួសជុលឡើងវិញនៅអាគារចក្ខុសាស្ត្រ ដើម្បីបម្រើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងសួង នៃខេត្តត្បូងឃ្មុំ ដែលថវិការនៃការជួសជុលអាគារត្រូវបានឧបត្ថមដោយ មូលនិធិថែទាំភ្នែក Eye care foundation ដែលមូនិធិនេះមានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២មកម្លេះ ហើយបានផ្តល់នូវជំនួយទាំងឱសថ ការព្យាបាលថែទាំភ្នែកដល់ប្រជាពលរដ្ឋ និងកុមារ ព្រមទាំងការកសាង ការស្ថាបនា ការជួសជុលឡើងវិញនៅអាគារចក្ខុរោគក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងពិធីនេះ គណៈអធិបតីរួមនិងក្រុមការងារ បានធ្វើការដុតប្រទីប បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនក្នុងឱកាសបច្ចុះបឋមសិលា ជួសជុលអាគារ សូមឱ្យដំណើរការដោយរលូន និងសុខសុវត្ថិភាព បន្ថែមលើនេះ អង្គពិធីក៏បានប្រារពពិធីបច្ចុះនៅដីខ្សាច់ គ្រួសតំណាងការកសាងស្ថាបនានៅអាគារចក្ខុសាស្ត្រផងដែរ។

បន្ទាប់ពីកម្មវិធីក្រុងពាលីបានបញ្ចប់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានអញ្ជើញភ្ញៀវកិត្តិយស បន្តដំណើរទស្សនកិច្ច នៅតាមបណ្ដាលអាគារផ្សេងៗរបស់មន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់បន្ថែមថា៖ នេះមិនមែនជាលើកទី១ទេ ដែល Eye care foundation បានសហការជាមួយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗកន្លងទៅ Eye care foundation ក៏ទើបតែបានផ្តល់ជំនួយក្នុងការ ថែទាំ ព្យាបាលភ្នែកដល់កុមារ ក្នុងសាលាបឋមសិក្សាអង្គនារាម ដែលស្ថិតនៅក្នុងស្រុកត្បូងឃ្មុំផងដែរ៕

ដោយ៖ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top