ជនសង្ស័យជាង ៨០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យជាង ៨០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

លោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរចំណុចអគារកាស៊ីណូ ស៊ិនលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ ក្រុមការងារបានធ្វើការត្រួតពិនិត្យនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូខាងលើ រកឃើញ ដូចជា៖ មនុស្សសរុបប្រហែលចំនួន ៨០៥នាក់ មាន ៧សញ្ជាតិ ក្នុងនោះមាន ចិន កូរ៉េ ជប៉ុន អាមេរិក ភីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងខ្មែរ។

ចំពោះ វត្ថុតាងដកហូតបាន កុំព្យូរទ័រប្រហែល ៦៥០គ្រឿង និងទូរស័ព្ទប្រហែលចំនួន ១០០០គ្រឿង ហើយករណីខាងលើ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕







