មន្ត្រីជាន់ខ្ពស់ក្រសួងការងារ បើកសិក្ខា សាលាថ្នាក់ជាតិ ពិគ្រោះយោបល់ ពីការធ្វើសមាហរណកម្ម សេដ្ឋកិច្ចសម្រាប់អតីត ពលករពីប្រទេសថៃ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថា ស្វាគមន៍ក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃប្រជាជនចំណូលស្រុក និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន ក្រោយជម្លោះ» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការចូលរួមពីតំណាង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រជាជនចំណូលស្រុក ឬអតីតពលករ ពីបរទេស តាមរយៈការវាយតម្លៃលទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមដែលនៅ សេសសល់ និងការស្វែង រកមាគ៌ាអនុវត្តជាក់ស្តែង ដើម្បីបញ្ចូលពួក គាត់ទៅក្នុងទីផ្សារការងារ និងសេដ្ឋកិច្ចជាតិឱ្យកាន់ តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោក គួច សុមាន បានលើកឡើងពីសារៈសំខាន់ នៃការកែសម្រួលទស្សនៈសេដ្ឋកិច្ច នៅតំបន់ព្រំដែនក្រោយជម្លោះ ដោយផ្អែកលើដំណោះស្រាយជាក់ស្តែង ដើម្បីបង្កើតការយល់ដឹងរួមអំពីឧបសគ្គ និងឱកាសនានា។ គោលដៅសំខាន់គឺការប្រែក្លាយតំបន់ទាំងនេះឱ្យទៅជាប្រព័ន្ធសេដ្ឋកិច្ចដែលមានផលិតភាពខ្ពស់ តាមរយៈការជំរុញការ វិនិយោគលើវិស័យកែច្នៃកសិផល ឧស្សាហកម្មស្រាល សេវាកម្ម និងការបង្កើនកម្លាំង ពលកម្មតាមរយៈការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ ដើម្បីឆ្លើយតបទៅនឹងការវិលត្រឡប់ របស់ពលករពីប្រទេសថៃ វិទ្យាស្ថានទាំងពីរ បានសហការគ្នាបង្កើតកម្មវិធី អន្តរាគមន៍មួយ សម្រាប់ការធ្វើសមាហរណកម្ម នៃការវិលត្រឡប់នោះ ដោយមានគោលបំណងផ្លាស់ប្តូរ គោលនយោបាយពីការឆ្លើយតបបន្ទាន់ផ្នែកមនុស្សធម៌ ទៅកាន់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការស្តារឡើងវិញក្រោយជម្លោះ ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន៕






